(តួកគី)៖ ប្រភពព័ត៌មានពីប្រទេសតួកគីបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងឈប់ផ្តល់ជំនួយសព្វាវុធ ទៅកាន់ក្រុមសកម្មប្រយុទ្ធឃើដ (YPG) ដែលកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មទៅនឹង ISIS នៅក្នុងទឹកដីស៊ីរីនោះទៀតហើយ ដែលវាទំនងជាចេតនាធ្វើឲ្យទំនាក់ទំនងរវាង តួកគី និងអាមេរិក វិលទៅរកសភាពល្អឡើងវិញ ខណៈដែលឥទ្ធិពល ISIS ក្នុងតំបន់ ក៏ហាក់ថមថយទៅហើយដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ព័ត៌មានខាងលើ ដែលត្រូវបានបញ្ចេញដោយរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានឲ្យដឹងយ៉ាងដូច្នេះទៀតថា«ប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្គាន់ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ហើយបន្ទាប់មកសេតវិមានអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ថា អាមេរិកនៅតែបន្តគាំទ្រក្រុមប្រយុទ្ធមួយចំនួនដដែល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS នៅក្នុងទឹកដីស៊ីរី ប៉ុន្តែក្នុងនោះ គេមិនបានបញ្ជាក់អំពីឈ្មោះក្រុមឃើដ (YPG) ទៀតនោះឡើយ»។
ប្រការខាងលើនេះហើយ ទើបរដ្ឋាភិបាលតួកគីហ៊ានសន្មត់ថា សហរដ្ឋអាមេរិកនឹងផ្តាច់ជំនួយសព្វាវុធទៅកាន់ក្រុមឃើដ។ ប្រទេសតួកគីត្រូវបានគេដឹងថា ជាសត្រូវនឹងក្រុម YPG នេះ ហើយខ្លួនក៏តែងតែធ្វើការតវ៉ាប្រឆាំង ចំពោះការផ្តល់ជំនួយពីសំណាក់រដ្ឋបាលក្រុងវ៉ាស៊ីនតោន ចំពោះក្រុម YPG នៅក្នុងទឹកដីស៊ីរីផងដែរ។ សរុបសេចក្តីទៅ គឺទីក្រុងវ៉ាស៊ីនតោនចាត់ទុក YPG ជាពួកសកម្មប្រយុទ្ធប្រកបដោយសក្តានុពល ដែលអាចទប់ទល់នឹង ISIS បានយ៉ាងមានប្រសិទ្ធភាព ខណៈទីក្រុងអង់ការ៉ាវិញ ចាត់ទុកក្រុមនេះជាពួកភេរវករសុទ្ធសាធ៕








No comments:
Post a Comment