(សេអ៊ូល)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ចូលកូរ៉េខាងជើងជាថ្មី ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវករ ហើយដែលនេះគឺជាកាយវិកាមួយ សំដៅបង្កើនការដាក់សម្ពាធលើរបបដឹកនាំ កូរ៉េខាងជើងសម្រាប់ការរឹងទទឹងបន្តអភិវឌ្ឍន៍មីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ ដែលប្រការណាស់ពិតណាស់ថានឹងបង្កឲ្យទីក្រុងព្យុងយ៉ាង កាន់តែឆាបឆេះកំហឹងឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការសម្រាប់ចិត្តបែបនេះ ធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមានកាលពីថ្ងៃចន្ទ បន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ី កាលពី សប្ដាហ៍មុន។ ថ្លែងនាឱកាសនោះ លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ការបញ្ចូលកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅ នៃរដ្ឋគាំទ្រភេរវករ គួរតែត្រូវបានធ្វើកាលពីប៉ុន្មានឆ្នាំមុនមក ម្ល៉េះ... ហើយក្រៅតែពីការគំរាមកំហែង បំផ្លាញពិភពលោកដោយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង បានគាំទ្រដល់សកម្មភាពភេរវកម្មអន្តរជាតិជាច្រើនដង ក្នុងនោះរួមមានទាំងការធ្វើឃាតមនុស្ស នៅលើទឹកដីនៃប្រទេសដទៃ»។
គួររលឹកថា កូរ៉េខាងជើងត្រូវបានសហរដ្ឋអាមេរិកបញ្ចូលក្នុងបញ្ជីខ្មៅ នៃរដ្ឋគាំទ្រភេរវករម្ដងរួចមកហើយកាលពីឆ្នាំ១៩៨៨ ក្រោយត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការ វាយប្រហារបំផ្ទុះគ្រាប់បែកលើយន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងដែលបានផ្ដាច់យកអាវុធជីវិតមនុស្ស ១១៥នាក់។ ប៉ុន្តែនៅឆ្នាំ២០០៨ រដ្ឋបាលអតីត ប្រធានាធិបតីអាមេរិក ចច ដាប់ប៊ែលយូ ប៊ូស បានដកទីក្រុងព្យុងយ៉ាងចេញពីបញ្ជីខ្មៅនេះវិញ ដើម្បីជាថ្នូរនឹងការដំណើរការកិច្ចចរចា ៦ភាគី ស្ដីពីនុយក្លេអ៊ែរកូរ៉េខាងជើង៕


No comments:
Post a Comment