រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនជាក់ស្តែង ក្រោយពីផឹកស៊ីស្រវឹងរពិសដៃទៅចាប់បងប្អូនម្ចាស់ហាង និងអុកឡុកក្នុងហាងទៀត ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងហាងផឹកស៊ីយីហោ «ជេ សាច់អាំង និងស៊ុប» ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
បុរសខាងលើ ១-ឈ្មោះ ផែន សុខៀង អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទួលរការកោះសង្កាត់ព្រៃស ខណ្ឌដង្កោ និង២-ឈ្មោះ ផែន មករា អាយុ២៤ឆ្នាំ មុខរបរមន្ត្រីឥណទាន ស្នាក់នៅភូមិទួលរការកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ ចំណែកម្ចាស់ហាងឈ្មោះ តាំង ឫទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីម្ចាស់ហាងបានប្រាប់ថា មុនកើតហេតុ បុរស២នាក់នេះបានចូលមកហាងគាត់ផឹកស៊ី ក្រោយពីផឹកស្រវឹង ស្រាប់តែបុរសម្នាក់ក្នុងចំណោមនោះបានធ្វើផ្តេសផ្តាស់ដោយយកដៃទៅចាប់ស្ត្រីម្នាក់ជាបងប្អូនម្ចាស់ហាង និងតាមមកចាប់នៅខាងក្រៅហាងទៀតក៏ក្លាយជាទំនាស់ និងអុកឡុកពេញក្នុងហាងតែម្តង ភ្លាមៗនោះម្ចាស់ហាងក៏ប្តឹងសមត្ថកិច្ចឱ្យចុះទៅជួយ និងនាំខ្លួនបុរសទាំង២នោះមកប៉ុស្តិ៍តែម្តង។
ក្រោយពីនាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍អស់រយៈពេល៦ម៉ោង ទើបភាគីទាំងសងខាងព្រមចរចាគ្នាបញ្ចប់រឿង ដោយភាគីបង្កទាំង២នាក់នោះបានសងថ្លៃខូចខាតក្នុងហាង និងជំងឺចិត្តទៅម្ចាស់ហាងចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍តែម្តង៕
ប្រភព : កោះសន្តិភាព
No comments:
Post a Comment