កូរ៉េខាងត្បូង៖ រឿងក្តីដ៏ធំមួយ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលបុរសម្នាក់ ធ្លាប់តែជាមនុស្សស្លូតបូតគួរឲ្យអាណិត ប្រែខ្លួនជាឃាតករដៃឆៅ ក្នុងរយៈពេលមួយពព្រិចភ្នែក។
បុរសឈ្មោះ Lee Young-hak ជាជនជាតិកូរ៉េ ត្រូវគេរាយការណ៍ថា បានធ្វើឲ្យភរិយារបស់ខ្លួន បង្ខំចិត្តធ្វើអត្តឃាត នេះដោយសារតែទង្វើដ៏សាហាវព្រៃផ្សៃរបស់គេ មុនពេលរឿងក្តីដោយឡែកមួយផ្សេងទៀតបានកើតឡើង ពោលគឺករណីរំលោភសម្លាប់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់។

កាលពីឆ្នាំ ២០០៤ ស្ថានភាពជីវិតរបស់ Lee បានកសាងការអាណិតអាសូរមិនតិចទេ ពីសំណាក់មហាជនទូទៅ ដោយកូនស្រីរបស់គេបានកើតជំងឺដ៏កម្រម៉្យាង បណ្តាលឲ្យផ្ទៃមុខរីកហើមយ៉ាងចម្លែក រួចក៏ស្ទុះស្ទារសុំជំនួយជាថវិកាបន្ទាន់ភ្លាមៗ ព្រោះលោក និងក្រុមគ្រួសារ ពុំមានលទ្ធភាពឯណា មកបង់ថ្លៃព្យាបាលកូនស្រីឡើយ។

មិនតែប៉ុណ្ណោះ កម្មវិធីទូរទស្សន៍ MBC ដ៏ល្បីរបស់កូរ៉េ បានចាក់ផ្សាយរឿងរ៉ាវជីវិតរបស់គេ រហូតគ្រប់គ្នាយល់ឃើញថា បុរសឈ្មោះ Lee ម្នាក់នេះ ជាមនុស្សស្លូតបូតគួរឲ្យអាណិត ចេះគិតគូរ និងបារម្ភខ្វល់ខ្វាយពីសុខទុក្ខក្រុមគ្រួសារ ប៉ុន្តែនៅពេលនេះវិញការនឹកស្មានបែបនេះហាក់ដូចពុំត្រឹមត្រូវទៀតឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា Lee បានយកថវិកាមួយចំនួន ដែលបានមកពីការបរិច្ចាគជួយព្យាបាលកូនស្រីយកមកផឹកស៊ី ស្រីញីអូនបង បង្អួតរថយន្តទំនើបៗ ហើយព្រមទាំងបើកហាងម៉ាស្សាមួយកន្លែង ដែលទទួលក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់មកផ្តល់សេវាកម្មផ្លូវភេទទៀតផង។


អ្វីដែលមិននឹកស្មានដល់ជាងហ្នឹងទៅទៀត ភរិយារបស់គេ ក៏ជាជនរងគ្រោះម្នាក់ដែរ ព្រោះនាងត្រូវបានស្វាមីបង្ខំឲ្យរកស៊ីយ៉ាងដូច្នេះ និងត្រូវបានរំលោភផ្លូវភេទពីសំណាក់ឪពុកក្មេករបស់នាង (ឪពុកចិញ្ចឹមរបស់ Lee) ព្រមទាំងលួចថតបង្ហោះចូលវេបសាយអាសអាភាសមួយដើម្បីរកលុយបន្ថែមទៀត។ ដោយខូចចិត្តខ្លាំងពេក ស្ត្រីជាភរិយា ក៏បានដាក់ពាក្យបណ្តឹង មុនពេលនាងសម្រេចចិត្តលោតចុះពីលើអគារធ្វើអត្តឃាត នាថ្ងៃទី ១ ខែ កញ្ញា ២០១៧ កន្លងទៅនេះ។

ភរិយាស្លាប់មិនទាន់បានប៉ុន្មានផង ជនល្មើសម្នាក់នេះ ត្រូវបានគេបកអាក្រាតមុខមាត់ពិត ព្រោះគេបានប្រព្រឹត្តរឿងរ៉ាវថោកទាប រំលោភសម្លាប់ក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់ ដែលត្រូវជាមិត្តភក្តិរបស់កូនស្រីខ្លួន (ក្មេងស្រីដែលកើតជំងឺកម្រ)។ ដំបូងឡើយ ក្មេងស្រីរងគ្រោះ ត្រូវជនល្មើសបោកបញ្ឆោត ឲ្យមកគេហដ្ឋាន រួចក៏ដាក់ថ្នាំសណ្តំ ធ្វើសកម្មភាពរំលោភសម្លាប់បានសម្រេច រួចយកសាកសពរបស់នាង ទៅផ្លុងចោលនៅតំបន់ភ្នំមួយកន្លែង នៅខេត្ត Gangwon ស្ថិតនៅភាគខាងជើងរដ្ឋធានី សេអ៊ូល។

ជនល្មើស និងកូនស្រី ត្រូវបានប៉ូលិស កោះហៅ ជុំវិញការពាក់ព័ន្ធនឹងករណីរំលោភសម្លាប់។ រឿងក្តីមួយនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ នារីជាកូនស្រី បានសារភាពថា ខ្លួនពិតជាមានជាប់ពាក់ព័ន្ធនឹងករណីនេះមែន។
គួរឲ្យដឹងថារឿងក្តីផ្សេងៗ ខាងប៉ូលិសព្យាយាមរក្សាអត្តសញ្ញាណរបស់ជនសង្ស័យនៅឡើយ ស្របពេលកំពុងបើកការស៊ើបអង្កេត។ តែដោយសាររឿងក្តីរបស់ Lee ជាក្តីក្តាំងដ៏ធំមួយ ពុំដែលធ្លាប់មានពីមុនមក ក្រុមប៉ូលិសសម្រេចចិត្តបង្ហើបប្រាប់ជាសាធារណៈតែម្តង ហើយពលរដ្ឋកូរ៉េជាច្រើនសន្ធឹក កំពុងតាមដានការពិតផ្សេងទៀតជុំវិញករណីនេះ ក៏ដូចជាទន្ទឹងរង់ចាំការកាត់ទោសជនល្មើសចំពោះមុខច្បាប់៕

No comments:
Post a Comment