មន្ត្រីស្ថាប័នពាក់ព័ន្ធ ខេត្តព្រះសីហនុ បានអះអាងថា ចំនួនភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលទៅទស្សនានៅតាមតំបន់ឆ្នេរនាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ក្នុងរយៈពេល ៣ថ្ងៃ នាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៧ បានកើនឡើង ៥.៩ភាគរយ បើប្រៀបធៀបពេលវេលាដូចគ្នាឆ្នាំ២០១៦។
ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានឲ្យដឹងនៅទី៥ ខែវិច្ឆិកា ថា ចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបានកើនខ្ពស់គួរឲ្យកត់សម្គាល់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០១៧នេះ។
លោកបន្តថា ឆ្នាំនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍តំបន់ឆ្នេរ នៅតាមបណ្តាកោះមួយចំនួនរួម មាន ៖ ឆ្នេរនៅលើកោះរ៉ុងសន្លឹម ឆ្នេរនៅលើកោះរ៉ុង មានឆ្នេរកោះតូច ឆ្នេរឡុងសិត ឆ្នេរសុខសាន្ត និងឆ្នេរភ្លោះ កោះឋានសួគ៌ នៃសង្កាត់កោះរ៉ុងជាដើម។
លោក តាំង សុចិត្តគ្រឹះស្នា ឲ្យដឹងថា ភ្ញៀវទេសចរចូលមកកម្សាន្តនាខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា នៃពិធីបុណ្យអុំទូក សរុបមានចំនួនប្រមាណ ៨ម៉ឺន ៥ពាន់នាក់ (៨៥០០០) បើប្រៀបធៀបឆ្នាំ២០១៦ ភ្ញៀវមានចំនួន ៨ម៉ឺន ២រយនាក់ (៨០២០០) គឺបានកើនឡើងជិត ៦ភាគរយ (៥.៩)។ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ៧ម៉ឺន៤ពាន់នាក់ និងភ្ញៀវអន្តរជាតិ មានចំនួនប្រមាណ ១ម៉ឺន ១ពាន់នាក់ (១១.០៥០) កើនប្រមាណ ១៤.៥ភាគរយ។
លោក គ្រឹះស្នា បន្តទៀតថា ភ្ញៀវទេសចរដែលចេញទៅកម្សាន្ត តាមបណ្តាកោះមានចំនួនសរុបជិត ៦ម៉ឺននាក់ (៥៩៨៨) ក្នុងនោះស្រី ២.៨៦០។
ចំណែកភ្ញៀវទៅកម្សាន្តនៅតាមរមណីយដ្ឋាននានារួមមាន៖ រមណីយដ្ឋានក្បាលឆាយ មានភ្ញៀវសរុប ៩.៨៣២នាក់។ រមណីយដ្ឋានថ្មរូង មានភ្ញៀវចំនួន ៧.៣០០។ រមណីយដ្ឋានពិចនិច មាន១.៧៨០នាក់។
ទន្ទឹមគ្នានេះ លោក តាំង សុចិត្រគ្រឹស្នា បានឲ្យដឹងថា ក៏មានភ្ញៀវទេសចរភាគច្រើន ពិសេសភ្ញៀវជាតិ បានត្អូញត្អែរចំពោះបញ្ហាកំណត់តម្លៃសេវាស្នាក់នៅ សេវាម្ហូបអាហារនិងសេវាជួលតុអង្គុយនៅតាមឆ្នេរមួយចំនួនថា តម្លៃខ្ពស់ និងបញ្ហាបរិស្ថានគ្មានអនាម័យ ដោយការសាយភាយ នៃក្លិនសំរាម ដែលត្រូវបានគេបោះចោលគ្មានសណ្ដាប់ធ្នាប់ នៅតាមផ្លូវសាធារណៈ ដោយក្រុមហ៊ុនប្រមូលសំរាមមិនទាន់គ្រប់គ្រងបានល្អទេ។ «សំឡេង»
ទាក់ទិននឹងបញ្ហាសន្តិសុខវិញ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ញាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បុណ្យអុំទូកឆ្នាំនេះ កម្លាំងជំនាញគ្រប់ស្ថាប័ន បានសហការគ្នាការពារសន្តិសុខជូនភ្ញៀវជាតិអន្តរជាតិ ដែលចូលមកទស្សនា ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយពុំមានបទល្មើស ឬបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ទេ៕
No comments:
Post a Comment