ស៊ីរី ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសស៊ីរីដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបាននិយាយថា កាលពីថ្ងៃចន្ទមនុស្សជាច្រើននាក់បានបាត់បង់ជីវិតនិងរងរបួសបន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសជាច្រើនដងដែលដាក់គោលដៅទៅលើផ្សារមួយកន្លែងនៅក្នុងសង្កាត់អាតារ៉េប (Atareb) ភាគខាងលិចទីក្រុងអាឡេប៉ូ (Aleppo) ប្រទេសស៊ីរី។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថា មនុស្សយ៉ាងតិច៥៣នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួសនៅពេលដែលការវាយប្រហារផ្លូវអាកាសនោះបានកើតឡើង។ពលរដ្ឋម្នាក់នៅក្នុងទីក្រុងអាឡេប៉ូ (Aleppo) បាននិយាយថា គេបានឃើញយន្តហោះចម្បាំងស៊ូខយ (Sukhoi) របស់ប្រទេសរុស្ស៊ីបានបើកការវាយប្រហារនោះ។
សង្កាត់អាតារ៉េប (Atareb) ដែលមានពលរដ្ឋស៊ីរីរស់នៅយ៉ាងតិច៤០ម៉ឺននាក់នោះគឺត្រូវបានគ្រប់គ្រងភាគច្រើនដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាល និងក្រុមជីហាដនិយមដែលធ្លាប់ជាសម្ព័ន្ធមិត្តជាមួយក្រុមអាល់កៃដា។
សូមរំលឹកថា ប្រទេសរុស្ស៊ី និងកងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងតែធ្វើការវាយប្រហារតាមផ្លូវអាកាសដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសស៊ីរីក្នុងគោលបំណងដើម្បីបណ្តេញក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចេញពីទីនោះ៕
No comments:
Post a Comment